កិច្ចប្រជុំស្តីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង៖ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំណែនាំអំពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច)នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធមកពីមន្ទីរអង្គភាព ស្ថាប័ន្ធនានាជុំវិញខេត្តស្ទឹងត្រែងជាច្រើននាក់ផងដែរ។

នាឱកាសនេះលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានជម្រាបពីរបាយការណ៍នានាពាក់ព័ន្ធការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការចុះបញ្ជី ការជម្រះ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានកើតឡើងនៅក្នុងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ មន្ទីរជំនាញ ថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង។

លោកប្រធានមន្ទីរលើកឡើងថានេះជាការពង្រឹង និងបង្កើន សមត្ថភាពដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកដើម្បីពង្រឹងការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភណ្ឌ ឲ្យកាន់តែមានគុណភាពល្អ ប្រសិទ្ធភាព សង្គតិភាព សុក្រឹតភាព គណនេយ្យភាព និងតម្លាភាព។

ថ្លែងបើកកិច្ចប្រជុំលោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖បើយោងតាមអនុក្រិតលេខ៦៦ អនក្រ.ប្រ.ក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៧ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងសារចរលេខ៧ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដែលតម្រូវឲ្យក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិ ព្រមទាំងបុគ្គលិក នីតិបុគ្គលសាធារណៈដែលអាចកាន់កាប់ទាំងអស់ រៀបចំបញ្ជីសារពើភណ្ឌរបស់រដ្ឋឆ្នាំគោលរយៈពេល៥ ឆ្នាំម្តង។

លោក ស៊ី សួន បានបន្តថា៖នៅក្នុងរយៈពេលនេះក៏តម្រូវឲ្យក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិធ្វើតារាងប្រៀបធៀប តារាងកើនថយទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវឲ្យបានច្បាស់លាស់និងមានទឹសដៅជាក់លាក់និងកំណត់វិធាននៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផងដែរ។

ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានមានប្រសាសន៍ថាជារាងរាល់ឆ្នាំក្រុមការងារនាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតែងតែចុះមកផ្គូផ្គងផ្ទៀងផ្ទាត់ ការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋនៅដើមឆ្នាំ ប៉ុន្តែពីបីឆ្នាំនេះក្រុមការងារចុះមកក្នុងអំឡុងខែ៤ ខែ៥ ខែ៦ ដោយសារការធ្វើបញ្ជីសារពើភណ្ឌនេះត្រូវធ្វើឲ្យរួចរាល់នៅក្នុងត្រីមាសទី១ ដោយអង្គភាពនីមួយៗ ត្រូវធ្វើឲ្យរួចរាល់ជាមុន ហើយក្រុមការងារមកធ្វើការផ្គូផ្គងតែងម្តង។
ទន្ទឹមនេះឯកឧត្តមបញ្ជាក់ថាប្រព័ន្ធនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋគឺយើងធ្វើបែបទនីតិវិធី និងសិក្សាតាមប្រទេសបារាំង៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង