ស្ទឹងត្រែង៖នាព្រឹកថ្ងៃព្រហស្បត៍ ទី១៣ ខែមិនា ឆ្នាំ២០២៥ នេះនៅឯសាលប្រជុំតូចសាលាខេត្ត រដ្ឋបាលខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមទទួលក្រុមហ៊ុន Influence Media ចុះមកផ្តិតយកសកម្មភាព និងរូបភាពនានា សំដៅជំរុញវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែងដែលមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី។
លោក ស្រ៊ន សំឫទ្ធី បានមានប្រសាសថាគោលបំណងកិច្ចប្រជុំគឺត្រៀមរៀបចំទទួលក្រុមហ៊ុន Influence Media ចុះមកផ្តិតយកសកម្មភាព និងរូបភាពនានា សំដៅជំរុញវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងក្នុងព្រឹត្តិការណ៍ Miss Cosmo Cambodia 2025 ដែលនឹងប្រព្រឹត្តទៅនៅឯតំបន់ “រ៉ាមសារ”ស្រុកបុរីអូស្វាយសែនជ័យនៅថ្ងៃទី២៦ និងទី២៧ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក្នុងខេត្ត។
ហើយកិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីធានាថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយជោគជ័យ និងបានលទ្ធផលល្អបំផុត។
លោកស្រ៊ន សំឫទ្ធី បានបន្តរថានេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ខេត្តស្ទឹងត្រែងក្នុងការជំរុញវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់រម្មណីយដ្ឋានទេសចរណ៍បែបធម្មជាតិក្នុងខេត្ត។ ការផ្តិតយកសកម្មភាព និងរូបភាពពីក្រុមហ៊ុន Influence Media នឹងជួយលើកកម្ពស់ការទទួលស្គាល់អំពីសក្តានុពលទេសចរណ៍របស់ខេត្តស្ទឹងត្រែងយើង។
ក្នុងកិច្ចប្រជុំនាឱកាសនោះលោកអភិបាលរងខេត្ត បានណែនាំនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួនដូចខាងក្រោម៖
- រៀបចំកន្លែងស្នាក់នៅដែលមានផាសុកភាព និងសម្បូរបែបសម្រាប់ប្រតិភូ។
- រៀបចំទូក និងយានជំនិះផ្សេងៗអោយបានគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនប្រតិភូឱ្យមានសុវត្ថិភាព និងងាយស្រួល។
-ការរៀបចំសណ្តាប់ធ្នាប់ ធានាបរិស្ថានស្អាត និងមានសណ្តាប់ធ្នាប់ល្អក្នុងតំបន់ទេសចរណ៍។
- រៀបចំការពារសន្តិសុខ និងសុវត្ថិភាពជូនប្រតិភូឱ្យបានគ្រប់គ្រាន់។
- ត្រៀមក្រុមគ្រូពេទ្យសង្រ្គោះជាបន្ទាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្នដែលអាចកើតមាន។
- រៀបចំការជូនដំណឹងដល់អ្នកសារព័ត៌មានទាំងវិស័យរដ្ឋ និងវិស័យឯកជនក្នុងការចុះផ្តិតយករូបភាព និងផ្សព្វផ្សាយព្រឹត្តិការណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។
កិច្ចប្រជុំនេះបានបញ្ចប់ដោយជោគជ័យ ដោយមានការយល់ព្រមលើផែនការត្រៀមរៀបចំព្រឹត្តិការណ៍ឱ្យបានល្អបំផុត។ គ្រប់ភាគីពាក់ព័ន្ធបានបង្ហាញការរួមចំណែកយ៉ាងសកម្ម ដើម្បីធានាថា ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕











