អភិបាលខេត្តស្ទឹងត្រែងអញ្ជើញប្រគល់លិខិតសរសើរនិងថវិការដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃក្នុងការអនុវត្តគោលនយោបាយភូមិឃុំសុវត្តិភាព

ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណះអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរនិងថវិការដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តការងារគោលនយោបាយភូមិឃុំមានសុវត្តិភាព ក្នុងស្រុកបុរីអូស្វាយសែនជ័យ។

ពិធីនេះធ្វើឡើងនៅសាលាស្រុកបុរីអូស្វាយសែនជ័យ ដោយមានការចូលរួមពីលោក អភិបាលស្រុក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ប្រធានមន្ទីរពាក់ព័ន្ធនិងមន្ត្រីរាជការសាលាស្រុកបុរីអូស្វាយសែនជ័យ។

លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា លិខិតសរសើរនិងថវិការដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តការងារគោលនយោបាយភូមិឃុំមានសុវត្តិភាព ក្នុងស្រុកបុរីអូស្វាយសែនជ័យនាពេលនេះរួមមាន ប៉ុស្តិ៍រដ្ឋបាលនគបាលព្រះរំកឹល ប៉ុស្តិ៍រដ្ឋបាលនគបាលកោះស្នែង ប៉ុស្តិ៍រដ្ឋបាលនគបាលអូស្វាយ និងរដ្ឋបាលឃុំចំនួន៣រួមមានរដ្ឋបាលឃុំកោះស្នែង ឃុំអូស្វាយ និរដ្ឋបាលឃុំព្រះរំកឹល។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ការប្រគល់លិខិតសរសើនិងថវិការដល់រដ្ឋបាលឃុំនិងប៉ុស្តិ៍រដ្ឋបាលនគបាលនាពេលនេះគឺជាការលើកទឹកចិត្តដល់រដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តការងារនិងគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចបានល្អនិងទទួលបានជោគជ័យក្នុងឆ្នាំ២០២០កន្លងមក ដែលនាំមកនូវសន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្តបន្តថា បើទោះបីជាប្រទេសកម្ពុជាស្ថិតក្នុងបរិបថនៃការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩យ៉ាងណាក្តីក៏យើងនៅតែបន្តអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដើម្បីសណ្តាប់ សន្តិសុខ សុវត្តិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ នឹងបន្តផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះឯកឧត្តម ម៉ុម សារឿន បានណែនាំដល់រដ្ឋបាលស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធត្រូវបន្តសកម្មភាពឲ្យបានសកម្មនឹងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវតាមដានប្រជាពលរដ្ឋចំណាកស្រុកដែលធ្វើដំណើរចេញចូលក្នុងមូលដ្ឋាន ជៀសវាងមានការចម្លងជំងឺកូវីដ-១៩ ដែលកំពុងមានការរីករាលដាល។

សូមបញ្ជាក់ផងដែរថាការប្រគល់លិខិតសរសើរនិងថវិការដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តការងារគោលនយោបាយភូមិឃុំមានសុវត្តិភាពនាពេលនេះ ជ័យលាភីលេខ១ ទទួលបានថវិការចំនួន៥០០,០០០នរៀល ជ័យលាភីលេខ២ទទួលបាន៣២៥,០០០រៀល និងលេខ៣ទទួលបានប័ណ្ណសរសើរ៕