ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត ត្រូវជាភរិយាបានផ្តួចផ្តើម ធ្វើបុណ្យកាន់អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តបុព្វតាយារាម ហៅវត្តច្រប់ ស្ថិតនៅក្នុងឃុំក្បាលរមាស និងមួយវត្តទៀតគឺវត្ត ជ័យមង្គល ហៅវត្តកំភុន ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
កឋិនទានបានចាប់ផ្តើម ក្រុងពាលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនាសម្តែងដោយព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះមហាវិមលធម្ម ពិន សែម ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ៨កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋានឯកឧត្តមអភិបាលខេត្តផ្ទាល់។
លុះព្រឹកថ្ងៃអាទិត្យ ៩កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានទៅកាន់វត្ត វត្តបុព្វតាយារាម ហៅវត្តច្រប់ និងវត្តជ័យមង្គល ហៅវត្តកំភុន ដោយបានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញពិនិត្យមើលសមិទ្ធិផលនានានៅក្នុងវត្ត ព្រមទាំងសម្តែងការកោតសរសើរដល់ព្រះសង្ឃនិងថ្នាក់ដឹកនាំខេត្ត ស្រុក និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរ ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យសន្សំបច្ច័យ នឹងពិធីរបុណ្យផ្សេងៗទៀតជាច្រើន ដែលព្រះសមាសម្ពុទ្ធបានបញ្ញាត្តិទុក ជាតំណរៀងមក។
ក្រោយពីរព្រះភក្ខុសង្ឃចូលកាន់ព្រះវស្សា អស់ត្រីមាស ទើបបង្កើតជាអង្គកឋិននេះឡើង ដោយមានអនិសង្ឃរយ:ពេល១ខែពេញ សម្រាប់ពុទ្ធបរិសទ្ធទាំងឡាយ កាន់អង្គកឋិនទាននេះ ដើម្បីដង្ហែយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តបុព្វតាយារាម និងវត្តជ័យមង្គល ព្រមទាំងបានចូលជាធនធានថវិការតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្ត ទាំងពីរ នេះឲ្យមានភាពរីកចំរើនបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាអង្គកុសលផលបុណ្យ និងវត្ថុសាកសិទ្ធក្នុងលោក តាមជួយថែរក្សា ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការជារៀងរហូត។
សូមបញ្ជាក់ថា បច្ច័យបានមកពីរកឋិនទាន ដែលផ្តួចផ្តើមឡើងដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទទួលបាន នឹងបានបច្ច័យកសាងសរុបចំនួន ២៣៥,៣៧២,៧០០រៀល ក្នុងនោះប្រគេនវត្តបុព្វតាយាមរាមចំនួន ១៣៥,៣៧២,៧០០រៀល និងវត្តជ័យមង្គល ១០០,០០០,០០០រៀល ព្រមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការវត្តនិងព្រះសង្ឃផងដែរ ៕