……………………..
ខេត្តស្ទឹងត្រែង÷អ្នកទោសហែកគុកនៅសល់ចំនួន២នាក់ដែលប្រឹងគេចខ្លួននោះ អស់លក្ខណ៍ ឥឡូវត្រូវកងកម្លាំងសមត្ថកិច្ចចម្រុះចាប់
បានមកវិញអស់ហើយគិតត្រឹមវេលាម៉ោង១១និង១០នាទីថ្ងៃទី
១៧វិច្ឆិកា២០២១នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ។
លោក សេង សំអាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ អោយដឹងថាគិតត្រឹមវេលាម៉ោង១១និង១០នាទីថ្ងៃទី
១៧វិច្ឆិកា កម្លាំងអាវុធហត្ថសហការណ៍ កម្លាំងយោធា នគរបាល
និងកម្លាំងអនុរក្សពន្ធនាគារបាន ចាប់អ្នកទោសចំនួន២នាក់ទៀត
ដែលជាចំនួនអ្នកទោសចុងក្រោយ ពោលគឺក្រុមអ្នកទោសដែលធ្វើសកម្មភាព ហែកគុកកាលពីយប់ឈានចូលថ្ងៃទី៨វិច្ឆិកា ទាំង៧
នាក់នោះត្រូវកងកម្លាំងចាប់បានបន្តបន្ទាប់ គឺចាប់មកវិញបានទាំង
អស់ហើយ។ អ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោមនេះឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងម្នាទៀតឈ្មោះ សៀន ខន ។
លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបានបញ្ជាក់ថាបន្តទាប់ទទួលព័ត៌មានកាលពីយប់ថ្ងៃទី១៦វិច្ឆកា មានតម្រុយអ្នក
ទោសចំនួន២នាក់បានលួចទូកអ្នកភូមិជិះសំដៅទៅចំណុចកោះហឹប កម្លាំងរបស់លោកនិងកម្លាំងសមត្ថកិច្ចសហការណ៍ក៍បានតាមប្រដេញ និងប្រទះឃើញដានជើង លុះដើរតាមដានជើងនោះ
ក៍ប្រទះឃើញភ្នក់ភ្លើងអ្នកទោសទាំង២នាក់នោះដុតត្រយូងចេក
ហូប ក្រោយមកទើបបន្តតាមទៀត អ្នកភូមិរាយការណ៍ថាពួកគេបានដកដំឡូង ក្នុងចំការរបស់គេដុតហូប ទើបកម្លាំងសមត្ថកិច្ច
ធ្វើការឡោមព័ទ្ធចាប់ខ្លួនបានទាំង២នាក់តែម្តង។
គួរបញ្ជាក់ថាកាលពីយប់ឈានចូលថ្ងៃទី៨ខែវិច្ឆិកា២០២១
ក្រុមអ្នកទោសបទឧក្រិដ្ឋគ្រឿងចំនួន៦និងឃាតកម្មម្នាក់ រួមគ្នាទម្លាយជញ្ជាំងជាច្រើនដំណាក់រត់គេចខ្លួន តែត្រូវកងកម្លាំងចាប់
បានមកវិញជាបន្តបន្ទាប់ចាប់តាំងពីយប់ថ្ងៃទី៩រហូតមកដល់ថ្ងៃទី
១៧ នេះគឺចាប់ប្រមូលបានមកវិញទាំងអស់ហើយ៕