មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត

ស្ទឺងត្រែង៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្តសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលមានរយៈ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥។

ពិធីបើកសន្និបាតត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស្រូយ អាដុល្លារ អនុរដ្ឋលេខាក្រសួងសុខាភិបាល និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីក្រោមឱវាទនៃមន្ទីរសុខាភិបាល ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានលើកឡើងនាឱកាសនេះថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះវិស័យសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការបង្អុលបង្ហាញពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងដោយមានការដឹកនាំនៃតម្រង់ទិសពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានធ្ចើឲ្យវិស័យសុខាភិបាលក្នុងខេត្តមានភាពរីកចំរើនជាបន្តបន្ទាប់ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ ការសម្រេចបាននូវទឹសដៅការងារស្របទៅតាមផែនការ និងសូចរនាករដែលបានដាក់ចេញ ព្រមទាំងការបង្ខិតសេវាសុខាភិបាលឲ្យនៅកៀកនៅជិតប្រជាពលរដ្ឋតាមរយៈ ការបង្កើតឲ្យមានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនៅតាមមូលដ្ឋានជាដើម។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះថា វិស័យសុខាភិបាលជាវិស័យមួយដ៏សំខាន់និងមិនអាចខ្វះបាន ព្រោះវិស័យនេះមានការពាក់ព័ន្ធលើការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងកែលម្អសុខភាព និងសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាកងទ័ពអាវសដ៏គួឲ្យគោរពនិងផ្តល់តម្លៃ។លោកថា ជាក់ស្តែងក្នុងអំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ កន្លងមក កងទ័ពអាវ ស នេះបានជួយដល់អាយុជីវិតប្រជាជនបានច្រើន ព្រមទាំងខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះបានប្រកបដោយភាពជោគជ័យ។

ឯកឧត្តម ស្រូយ អាដុល្លារ អនុរដ្ឋលេខាក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើចំពោះវឌ្ឍភាពការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណចំពោះស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល»។

ឯកឧត្តម បានមានប្រសាសន៍ថាជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម សរ សុពុត្រា អភិបាល

spot_img

បណ្តាញសង្គម

24,160FansLike
0SubscribersSubscribe

អត្ថបទចុងក្រោយ

វិទ្យុស្ទឹងត្រែង