ខេត្តស្ទឹងត្រែង៖ ឯកឧត្តម យឹម ផែន អភិបាលរង នៃគណៈអភិបាលខេត្ត បានប្រកាសបើកវគ្គបណ្តុះបណ្តាល ឡើងវិញ ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចំនួន២៨នាក់ មកពីខេត្តក្រចេះ និង ស្ទឹងត្រែង។
នាឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងថា៖
ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ និងធានាសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍។ ស្របនឹងបញ្ហានេះ យើងបានចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ។
ការយល់ដឹងអំពីទស្សនៈទានស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម គឺមានសារសំខាន់ណាស់ក្នុងការជម្រុញ និងគាំទ្រប្រសិទ្ធភាពការងារគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយ ជាពិសេសអាចការពារបានសម្រាប់ក្រុម និងបុគ្គលដែលងាយរងគ្រោះបំផុត។
ឯកឧត្តម អភិបាលរងខេត្ត បន្តមានប្រសាសន៍ថ្លែងអំណរគុណដល់៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អង្គការ Oxfam និងអង្គការដៃគូរ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលឡើងវិញ ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម ដើម្បីពង្រឹងឱ្យមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់មានចំណេះដឹងជំនាញ ច្បាស់លាស់ ក្នុងការដឹកនាំអនុវត្តការងារ សិក្សាវាយតម្លៃ ហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្ត ស្រុក ឃុំ សង្កាត់ ក្រោមគម្រោង “កសាងភាពធន់សហគមន៍ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងតំបន់ទន្លេមេគង្គ” រវាង គ.ជ.គ.ម. និងអង្គការ Oxfam។
លោកស្រី អេង សោភា នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖
វគ្គបណ្តុះបណ្តាលឡើងវិញនេះ គឺចូលរួមចំណែកយ៉ាងសំខាន់ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់មាន សមត្ថភាពកាត់តែប្រសើក្នុងការជំរុញប្រសិទ្ធភាព ក្នុងការរៀបចំការអនុវត្តផែនការ និងការសម្រេចចិត្តក្នុងការ វិនិយោគលើ សកម្មភាពការងារអភិវឌ្ឍន៍នៅមូលដ្ឋានដែលរងគ្រោះជាញឹកញាប់ដោយគ្រោះមហន្តរាយ ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅក្នុងកម្រិតសហគមន៍ ជាចាំបាច់ត្រូវធ្វើការពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តី នឹងភាគីពាក់ព័ន្ធ ធានាបាននូវគុណភាពនិងប្រសិទ្ធភាពក្នុងការសម្របសម្រួលដឹកនាំអនុវត្តការងារ ការសិក្សារវាយតម្លៃហានិភ័យគ្រោះមហន្តរាយ។
វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមចែករំលែកចំណេះដឹង និងការរៀនសូត្រល្អៗដែលទទួលបានពីការអនុវត្តសកម្មភាពការងារនាពេលកន្លងមក ជាពិសេសពួកគេនឹងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការ សម្របសម្រួល ការងាររបស់ពួកគេនៅក្នុងខេត្ត ស្រុក ឃុំ សង្កាត់ រាងខ្លួន។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលឡើងវិញស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និង សមាហរនកម្មសង្គម គឺដើម្បីពង្រឹងឱ្យភាគីពាក់ព័ន្ធទាំងអស់មានចំណេះដឹង និងជំនាញច្បាស់លាស់ និងចាំបាច់ ដើម្បីអនុវត្តភារកិច្ចការងារដោយការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់៕





